ជួយមនុស្សដែលព្យាយាមជួយខ្លួនឯង

ការពិតខ្ញុំចូលចិត្តអាណិតគេ ហើយពេលខ្លះចង់ជួយគេ ទាំងដែលខ្លួនកំពុងតែព្យាយាមជួយខ្លួនឯងដោយលំបាក។ មានពេលខ្លះ ខ្ញុំដកលុយដែលមានតែ១០០០រៀលគត់ពីកាបូប ដាក់ឲ្យអ្នកសុំទានដែលពិការដៃជើងអស់ពីខ្លួនក៏មាន។ បើគិតទៅ អ្នកខ្លះប្រហែលជាហួសចិត្ត គេថាជួយខ្លួនឯងមិនទាន់បានផង ចង់ជួយគេ។ ខ្ញុំធ្លាប់គិតអ៊ីចឹងដែរ។ ប៉ុន្តែមានគំនិតមួយទៀតវានៅតែព្យាយាមនិយាយចេញមក។ ការពិតយើងធ្លាប់អត់មែន រហូតដល់ពេលខ្លះរកតែ១០០រៀលដាក់ជាប់ខ្លួនមិនមានផង។ ប៉ុន្តែក៏មានថ្ងៃខ្លះ យើងបានហូបរបស់អីឆ្ងាញ់ៗ បានផឹកទឹកល្អ បានហូបបាយក្នុងហាង បានហូបនំចំណីថ្លៃគួរសម បានស្គាល់អាហារប្លែកៗច្រើនរសជាតិ។ ចំណែកពួកគេអ្នកសុំទានវិញ សូម្បីតែស្រមៃថាការ៉េមមានរសជាតិយ៉ាងម៉េចក៏ប្រហែលជាស្រមៃមិនចេញផង។ ខ្ញុំពិបាកភ្នែក ហើយគិតថាបើឲ្យគេ១០០រៀល ឬ២០០រៀលអី មិនដឹងថាគ្នាយកទៅទិញអីបាន។ បើទឹកសុទ្ធយ៉ាងថោកបំផុតក៏មាន៥០០រៀលដែរ ទើបទិញហូបបាន។ ដោយសារតែចូលចិត្តគិតប្រៀបធៀបរវាងខ្លួនឯង និងគេ ហើយយកខ្លួនឯងទៅឧបមាថាបើយើងជាគេ ទើបខ្ញុំចេះតែមិនដាច់ចិត្តឲ្យអ្នកដែលលើកដៃសំពះខ្ញុំដើរថយទៅវិញដោយមុខអស់សង្ឃឹម។

ប៉ុន្តែថ្ងៃនេះគឺខុសពីថ្ងៃមុនៗ។ ល្ងាចនេះមិត្តខ្ញុំ (វិច្ឆិតា) ហៅខ្ញុំទៅញ៉ាំទឹកកកឈូសនៅហាងមួយដែលមានឈ្មោះថា “ផ្ទះអ្នកបាត់ដំបង”។ យើងអង្គុយញ៉ាំទឹកកកឈូសអស់ បម្រុងនឹងហៅគេមកគិតលុយ ស្រាប់តែមានក្មេងស្រីម្នាក់ដើរចូលមក។ នាងនៅក្មេង សម្បុរស្រអែមសណ្ដែកបាយ សក់ស្រឡូន ស្ថិតក្នុងអាយុប្រហែលមិនទាន់ដល់១០ឆ្នាំស្រួលបួលទេ។ នាងនិយាយដោយសម្ដីស្រទន់…”បងៗ! ទិញផ្កាទេ?” ខ្ញុំគ្រវីក្បាល ហើយឆ្លើយថា “អត់ទេអូន”។ នាងឈរថ្មឹងមួយសន្ទុះ រួចក៏ដើរចូលទៅខាងក្នុងហាង ដើម្បីលក់ឲ្យតុគេផ្សេងៗទៀត។ ខ្ញុំឃើញនាងដើរចេញទៅដោយទឹកមុខស្រពោន… ចិត្តខ្ញុំចាប់ផ្ដើមគិត…”ពេលខ្លះខ្ញុំដាក់ទានឲ្យគេម្ដង១០០០រៀល ឬ៥០០រៀល ដោយមិននឹកស្ដាយ ហើយពួកគេអាចរកលុយបានងាយៗ ដោយគ្រាន់តែធ្វើមុខគួរឲ្យអាណិត ហើយលើកដៃសំពះគួរសម ឬនិយាយអរគុណមួយម៉ាត់។ ប៉ុន្តែក្មេងស្រីនេះខុសគេ នាងមិនជ្រើសរើសយកផ្លូវសុំគេទេ នាងសុខចិត្តដើរទូលផ្កាលក់ដោយប្រើកម្លាំង ហេតុអ្វីខ្ញុំមិនជួយទិញនាង”? ខ្ញុំគិតបន្ត “ខ្ញុំគួរតែហៅនាងមកវិញ ហើយជួយទិញផ្ការបស់នាង នោះក៏ជាការជួយមួយដែរ”។ ខ្ញុំគិតទៀត “វាមិនល្អទេ កាលណាយើងជួយទិញក្មេង នោះមានន័យថា យើងកំពុងលើកទឹកចិត្តឲ្យក្មេងៗដទៃទៀតមកលក់ដូចនាងដែរមិនខាន….ហ៊ឹម! ខ្ញុំអីក៏គិតច្រើនម្ល៉េះហ្ន៎”? ធុញណាស់ គំនិតខ្ញុំតែងតែប្រឆាំងគ្នា ពេលគំនិតមួយគិតថាបែបនេះល្អ ក៏មានគំនិតមួយទៀតវាចេញមកដោយយកហេតុផលសមស្របមកតវ៉ាចុះឡើង។ ខួរក្បាលខ្ញុំមានតែមួយដូចគេឯងដែរ ប៉ុន្តែវាចេះឈ្លោះគ្នារកហេតុផលសមស្របសឹងតែគ្រប់ពេល។

ខ្ញុំគិតហើយគិតទៀត​ តែចុងក្រោយក៏សម្រេចចិត្តថាជួយទិញនាង ព្រោះយ៉ាងហោចណាស់ លុយដែលនាងលក់ផ្កានៅយប់នេះ ប្រហែលជាសម្រាប់អាហារមួយពេលនៅក្នុងផ្ទះនាង ឬក៏ម្ដាយនាងនឹងចំណាយទិញថ្នាំ ឬទិញអ្វីប្រើប្រាស់ក្នុងផ្ទះ។ ដូច្នេះខ្ញុំក៏ហៅនាងឲ្យត្រឡប់មកវិញ រួចក៏ជួយទិញផ្កានាងមួយគូដែលនាងរុំស្លឹកចេក។ វាជាផ្កាចំប៉ា មានក្លិនក្រអូបណាស់។ ខ្ញុំហុចលុយទៅនាង ហើយក្មេងស្រីនោះនិយាយអរគុណខ្ញុំ បន្ទាប់មកនាងក៏ដើរចេញទៅបាត់។ ខ្ញុំគិតថា វាជាការល្អ នៅពេលមាននរណាម្នាក់ព្យាយាមជួយខ្លួនឯង យើងគួរតែជួយពួកគេ ពីព្រោះរឿងបន្ដិចបន្តួចដែលយើងអាចជួយគេបាន វាមានតម្លៃធំធេងណាស់សម្រាប់គេ។ លុយ២០០០រៀលសម្រាប់អ្នកមានលុយគឺមិនច្រើនសោះ ជ្រុះបាត់ក៏គេមិនស្ដាយដែរ តែ២០០០រៀលសម្រាប់អ្នកក្រ វាអាចជាលុយដែលគេយកទៅទិញពងទាចៀនបានមួយពេលដែរ៕

Leave a comment