Posted in អត្ថបទបកប្រែ

រៀនឲ្យតម្លៃចំពោះការងារលំបាក

មានបេក្ខជនមួយរូបបានដាក់ពាក្យធ្វើការនៅក្នុងក្រុមហ៊ុនដ៏ធំមួយ ក្នុងតំណែងជាប្រធានផ្នែកគ្រប់គ្រង។ គាត់ក៏ត្រូវបានគេហៅដើម្បីសម្ភាសន៍។ ប្រធានក្រុមហ៊ុន បានធ្វើការសម្ភាសន៍ចុងក្រោយដើម្បីធ្វើការសម្រេចចិត្ត។ អ្វីដែលប្រធានក្រុមហ៊ុនបានរកឃើញនៅក្នុងពាក្យស្នើរសុំការងាររបស់បេក្ខជនរូបនោះគឺមានភាពល្អឥតខ្ចោះ។ គាត់ជាសិស្សពូកែតាំងពីថ្នាក់បឋមរហូតដល់ថ្នាក់សកលវិទ្យាល័យ។ ក្នុងរយៈពេលនៃការសិស្សាររបស់គាត់ គ្មានឆ្នាំណាមួយដែលគាត់បានពិន្ទុទាបនោះទេ។

ប្រធានក្រុមហ៊ុនបានសួរគាត់នូវសំណួរខ្លះៗមុននឹងគាត់ធ្វើការសម្រេចចិត្តចុងក្រោយថាត្រូវទទួលឲ្យធ្វើការឬអត់។
គាត់បានសួរថា«តើប្អូនធ្លាប់ទទួលបានអាហារូបករណ៍ពីសាលាណាមួយឬទេ?» «បាទ! មិនធ្លាប់មានទេ»
បេក្ខជននោះបានឆ្លើយ។ ប្រធានក្រុមហ៊ុនក៏សួរបន្ដ «តើឪពុករបស់ប្អូនជាអ្នកចំណាយលើថ្លៃសិក្សារបស់ប្អូនទាំងអស់ឬ?»
បេក្ខជនបានឆ្លើយថា«បាទអត់ទេ! ឪពុករបស់ខ្ញុំបានស្លាប់ចោលខ្ញុំតាំងពីខ្ញុំមានអាយុទើបតែ១ឆ្នាំមកម្ល៉េះ»
គេបានបន្ដថា «អ្នកដែលចេញថ្លៃចំណាយលើការសិក្សារបស់ខ្ញុំគឺម្ដាយរបស់ខ្ញុំតែម្នាក់គត់។»
ប្រធានក្រុមហ៊ុនបន្ដ «តើម្ដាយរបស់ប្អូនធ្វើការងារអីដែរ?»
បេក្ខជនក៏ឆ្លើយ «ម្ដាយរបស់ខ្ញុំជាអ្នកស៊ីឈ្នួលបោកខោអាវឲ្យគេ…»
ប្រធានក្រុមហ៊ុនក៏សុំឲ្យបេក្ខជននោះលាដៃរបស់គេឲ្យគាត់មើល។ គេបានបានធ្វើតាមការសំណូមពររបស់ប្រធានក្រុមហ៊ុន ដោយបានលាបាតដៃទាំងពីរដ៏ក្រហមច្រាល ទន់ល្មើយ ដែលមានម្រាមតូចស្រឡូនដាក់បង្ហាញនៅមុខប្រធានក្រុមហ៊ុន។ ប្រធានក្រុមហ៊ុនស្ងប់ស្ងាត់មួយសន្ទុះ រួចក៏សូរបន្ដថា «តើប្អូនធ្លាប់ជួយការងារបោកគក់ខោអាវម្ដាយដែរទេ?» បេក្ខជននោះបានឆ្លើយ«បាទ! មិនធ្លាប់ទេ ព្រោះម្ដាយរបស់ខ្ញុំចង់ឲ្យខ្ញុំផ្ដោតតែលើការងាររៀនសូត្រ និងអានសៀវភៅតែប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀត ម្ដាយរបស់ខ្ញុំអាចបោកខោអាវបានលឿនជាងខ្ញុំ»។ ប្រធានក្រុមហ៊ុននិយាយ«ខ្ញុំមានសំណូមពរមួយ។ ថ្ងៃនេះ ពេលប្អូនត្រឡប់ទៅផ្ទះវិញ សូមប្អូនសុំការអនុញ្ញាតិពីម្ដាយរបស់ប្អូនដើម្បីលាងដៃរបស់គាត់ ហើយថ្ងៃស្អែកចាំត្រឡប់មកជួបខ្ញុំម្ដងទៀត។» (…)

បេក្ខជននោះមានអារម្មណ៍ថា ឱកាសដែលនឹងត្រូវធ្វើការនៅក្រុមហ៊ុននេះដូចជាពិបាកណាស់។ ប៉ុន្ដែនៅពេលដែលត្រឡប់ទៅដល់ផ្ទះវិញ គាត់ក៏បានធ្វើតាមអ្វីដែលប្រធានក្រុមហ៊ុនប្រាប់។ គាត់បានសុំការអនុញ្ញាតិពីម្ដាយរបស់គាត់ដើម្បីបានលាងដៃទាំងពីររបស់ម្ដាយ។ ម្ដាយរបស់គាត់មានអារម្មណ៍ចម្លែក គាត់រីករាយ ប៉ុន្ដែវាលាយបញ្ចូលជាមួយអារម្មណ៍ច្របូកច្របល់ក្នុងចិត្ត។ គាត់បានលាតបង្ហាញដៃទាំងពីររបស់គាត់ដើម្បីឲ្យកូនប្រុសលាងសម្អាត។ គេបានលាងដៃរបស់ម្ដាយគេដោយថ្នមៗ។ នៅពេលដែលគេកំពុងលាងដៃរបស់ម្ដាយ ទឹកភ្នែករបស់គេក៏ចាប់ផ្ដើមស្រក់ចុះ។ នេះជាលើកទីមួយដែលគេបានកត់សម្គាល់ថា ដៃរបស់ម្ដាយគេមានសភាពជ្រីវជ្រួញ និងមានស្នាមរបកជាច្រើននៅលើបាត់ដៃរបស់គាត់។ ស្នាមរបកខ្លះដល់សាច់ខ្ចី ហើយវាឈឺផ្សានៅពេលដែលប៉ះទឹក ឬសាប៊ូ។

នេះជាលើកទីមួយដែលគាត់បានភ្ញាក់រលឹកថា «គឺដៃទាំងពីរនេះហើយដែលបោកខោអាវរាល់ថ្ងៃដើម្បីរកប្រាក់បង់ថ្លៃសាលារៀនឲ្យខ្ញុំ។ ស្នាមរបកដែលរបកចេញ គឺជាចំណែកដែលប្ដូរនឹងចំណេះវិជ្ជានៅសាលារៀន និងដូរយកការងារល្អមួយសម្រាប់ខ្ញុំនៅក្នុងថ្ងៃអនាគត។ » បន្ទាប់ពីលាងដៃរបស់ម្ដាយ និងជូតសម្អាតរួចរាល់ហើយ គេក៏ប្រមូលខោអាវដែលនៅសល់យកទៅបោកហាលគ្មានសល់។ យប់នោះ ពីរនាក់ម្ដាយកូនអង្គុយនិយាយគ្នាអស់ជាច្រើនម៉ោង។ ហើយនៅព្រឹកបន្ទាប់ គេក៏បានត្រឡប់ទៅជួបប្រធានក្រុមហ៊ុនតាមការសន្យា។

ពេលទៅដល់ ប្រធានក្រុមហ៊ុនបានកត់សម្គាល់ឃើញថា គេបានយំ រួចគាត់ក៏បានសួរថា «តើប្អូនអាចប្រាប់ខ្ញុំពីអ្វីដែលប្អូនបានធ្វើកាលពីម្សិលម៉ិញបានទេ?» បេក្ខជនបានឆ្លើយ«ខ្ញុំបានលាងសម្អាតដៃរបស់ម្ដាយខ្ញុំ ហើយក៏បានជួយបោកខោអាវដែលនៅសល់ទាំងអស់ជំនួសគាត់…» ប្រធានក្រុមហ៊ុនបន្ដ«សូមប្អូនជួយបង្ហាញពីអារម្មណ៍របស់ប្អូនពេលដែលប្អូនធ្វើតាមអ្វីដែលខ្ញុំបានប្រាប់…» គេក៏បានឆ្លើយនឹងសំណូមពររបស់លោកប្រធាន«ទី១.ខ្ញុំបានដឹងថាអ្វីជាគុណតម្លៃនៃការងារ។ ប្រសិនបើគ្មានម្ដាយរបស់ខ្ញុំទេ ខ្ញុំក៏មិនមានជោគជ័យនៅថ្ងៃនេះដែរ។ ទី២. នៅពេលដែលខ្ញុំជួយបោកខោអាវដែលនៅសល់នោះ ខ្ញូំបានដឹងថាវាពិតជារឿងពិបាកដើម្បីធ្វើការងារមួយឲ្យរួចរាល់ ហើយរលូន ហើយកាន់តែពិបាកដើម្បីទទួលបានចំណូលពីការងារនោះ ដូច្នេះការជួយគ្នាក្នុងការរកចំណូលពិតជាសំខាន់ខ្លាំងណាស់។ ទី៣. ខ្ញុំបានចាប់ផ្ដើមចេះឲ្យតម្លៃចំពោះទំនាក់ទំនងនៅក្នុងគ្រួសារ ការចេះជួយគ្នា មិនមើលបំណាំ និងមិនមើលរំលងការងារតូចៗនៅក្នុងគ្រួសារ។»

ប្រធានក្រុមហ៊ុនបានបន្ដថា «នេះជាអ្វីដែលខ្ញុំកំពុងត្រូវការដើម្បីយកមកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំ។ ខ្ញុំចង់បានមនុស្សដែលចេះយល់ពីតម្លៃនៃការងារ ចេះជួយអ្នកដទៃ ហើយជាមនុស្សដែលមិនមើលរំលងការងារតូចតាច និងមួយទៀតគឺមនុស្សដែលចាត់ទុកលុយត្រឹមជាគោលដៅនៅក្នុងជីវិត។
សូមចូលរួមត្រេកអរ… ប្អូនត្រូវបានជ្រើសរើសឲ្យចូលបម្រើការជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំចាប់ពីថ្ងៃនេះទៅ…» បន្ទាប់ពីបានធ្វើការនៅទីនោះ លោកប្រធានគ្រប់គ្រងថ្មីខំប្រឹងធ្វើការងារដោយការយកចិត្តទុកដាក់ ហើយគាត់ក៏ទទួលបានការគោរពស្រលាញ់ពីបុគ្គលិករួមការងារគ្រប់ៗគ្នា ហើយជាពិសេសគឺក្រុមហ៊ុនដែលគាត់គ្រប់គ្រងក៏ចេះតែមានភាពរីកចម្រើនទៅមុខជាលំដាប់។

ប្រសិនបើមនុស្សម្នាក់មិនយល់ និងមិនធ្លាប់មានបទពិសោធន៍លំបាកដើម្បីចំណាយពេលរកប្រាក់ចំណូលមកផ្គត់ផ្គង់ចំពោះមនុស្សជាទីស្រលាញ់ទេនោះ គេនឹងគ្មានថ្ងៃយល់ពីតម្លៃរបស់ការងារនោះបានឡើយ។ រឿងដែលសំខាន់បំផុតគឹត្រូវរៀនឆ្លងកាត់ការលំបាកដើម្បីរៀនឲ្យតម្លៃចំពោះការងារលំបាក ដែលផ្តល់ចំណូលឲ្យយើង ជាជាងគ្រាន់តែចាយទាំងមិនយល់ភាពហត់នឿយនៃការរកចំណូល៕

បកប្រែ និងកែសម្រួលដោយ៖ កូន ចាបមាស
ប្រភព៖ គេហទំព័របរទេស (Moral Stories)

Advertisements

Author:

គ្រាន់តែជាកូនបក្សីមួយដែលស្រលាញ់សេរីភាព

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s