គ្មានអ្វីគួរឲ្យខ្លាចជាងមនុស្សទេ

គ្មានអ្វីគួរឲ្យខ្លាចជាងមនុស្សទេ

ដើម្បីឲ្យជីវិតយើងអាស្រ័យនៅបាន យើងតែងសម្លាប់ជីវិតសត្វដទៃទៀតដើម្បីយកសាច់មកធ្វើអាហារ ហើយយើងតែងសន្មតថា ជីវិតសត្វទាំងនោះកើតមកដើម្បីចិញ្ចឹមជីវិតយើង។ បើទោះបីជាយើងមិនបានសម្លាប់ជីវិតសត្វទាំងនោះដោយផ្ទាល់ដៃក៏ដោយ ប៉ុន្ដែតម្រូវការរបស់យើងហ្នឹងហើយ ដែលធ្វើឲ្យមានអ្នកដែលប្រកបការងារសម្លាប់ជីវិតសត្វនានាដើម្បីយកមកលក់ឲ្យយើង។

យើងជាមនុស្សតែងតាំងខ្លួនឯងជាសត្វខ្ពង់ខ្ពស់ ជាសត្វមានការពិចារណា ជាសត្វមានប្រាជ្ញា ចេះគិតពិចារណា ចេះបែងចែក ចេះស្រលាញ់ ចេះស្អប់ ចេះខ្មាស ចេះស្វែងរក ចេះបង្កើតថ្មី។ យើងឲ្យតម្លៃចំពោះជីវិតសត្វដែលយើងចិញ្ចឹមនៅក្នុងផ្ទះ សូម្បីតែត្រី ឆ្មា ឆ្កែ និងសត្វបក្សីជាដើម យើងផ្ដល់ការស្រលាញ់ ការអាណិត និងចិញ្ចឹមពួកគេយ៉ាងល្អ ប្រកបដោយចិត្តស្រលាញ់ ដូចសមាជិកនៅក្នុងផ្ទះរបស់យើង។ ប៉ុន្ដែយើងបែរជារីករាយនឹងទទួលទានសាច់ត្រី សាច់ឆ្កែ សាច់បក្សី នៅខាងក្រៅផ្ទះយ៉ាងសប្បាយរីករាយទៅវិញ។ តើជីវិតរបស់សត្វនៅក្នុងផ្ទះយើង និងជីវិតរបស់សត្វដែលគ្មានការថែទាំនោះ ខុសគ្នាយ៉ាងណា? នោះមិនមែនជាជីវិតមួយទេឬ? នោះឯងដែលថាការរស់នៅរបស់មនុស្សយើងគឺអាត្មានិយម អ្វីដែលជាយើងគិតថាជារបស់យើងៗក៏ស្រលាញ់ ការពារ ថែរក្សា និងឲ្យតម្លៃ ប៉ុន្ដែចំពោះអ្វីដែលយើងមិនគិតថាជារបស់យើងៗក៏ធ្វើធម្មតាៗ។ នៅលើលោកនេះគ្មានអ្វីគួរឲ្យខ្លាចជាងមនុស្សយើងនេះទេ។

មនុស្សជាសត្វដែលតាំងខ្លួនឯងថាល្អ និងខ្ពង់ខ្ពស់ជាងសត្វដទៃ ប៉ុន្ដែគ្មានសត្វដទៃណាដែលសាហាវជាងមនស្សនោះទេ។ មានមនុស្សមិនច្រើនទេ ដែលរស់នៅដើម្បីចែករំលែកសេចក្ដីសុខ និងធ្វើប្រយោជន៍ឲ្យដល់អ្នកដទៃ ហើយគិតថាការធ្វើបែបនេះជាការងារដែលខ្លួនត្រូវបំពេញនៅក្នុងភាពជាមនុស្ស ប៉ុន្ដែមានមនុស្សច្រើនណាស់ ដែលរស់នៅដើម្បីស្វែងរកសុខមកដាក់ខ្លួនឯង ដោយមិនខ្វល់ថា ជីវិតដទៃទៀតលំបាកយ៉ាងណា៕

អត្ថបទដោយ៖ កូន ចាបមាស

អនុស្សាវរីយ៍នៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំង

ថ្ងៃនេះខ្ញុំបានត្រឡប់មកដល់ភ្នំពេញវិញហើយ តែល្ងាចនេះអាកាសធាតុដូចគ្នាបេះបិទនឹងអាកាសធាតុកាលពីម្សិលម៉ិញនៅកំពង់ឆ្នាំង។ មេឃស្រទំ ធ្លាក់ខ្យល់ ហើយកំពុងតែបោសសំរាមដុត និងឡើងដើមស្វាយមុខផ្ទះលេង។ ខ្ញុំនៅនឹកមិនទាន់បាត់នៅឡើយទេ មិនដឹងថាពេលណាទើបមានឱកាសបានទៅលេងនៅទីនោះម្ដងទៀតទេ។ លើកទីបីហើយទៅលេងនៅទីនោះ តែលើកនេះសប្បាយជាងគេង ព្រោះទៅលេងមែន ហើយម្យ៉ាងគឺសំបូរផ្លែឈើញ៉ាំណាស់ខែនេះ។ ផ្លែឈើធម្មជាតិមានច្រើនណាស់ ជាពិសេសគឺ ផ្លែស្វាយ ផ្លែល្ហុងទុំ អំពៅ ទទឹម និងចេក។ មកភ្នំពេញវិញ ថាបេះយកមកឲ្យច្រើន តែចង្រៃណាស់ ផ្លូវជិះមិនស្រួលទេ ដូច្នេះដឹកបានតែបន្ដិច ហាហា។ ទេសភាពនៅទីនោះទាក់ចិត្តមែនទែន ហើយខ្យល់អាកាសវិញត្រជាក់ស្រួលណនាស់ ព្រោះនៅជុំវិញផ្ទះសុទ្ធតែដើមឈើ។ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧ ចាំមិនភ្លេច ហេហេ ឆ្នាំក្រោយទៅទៀត ទៅខែហ្នឹងទៀតចាំតែមើលទៅ។

ទៅទីនោះមិនសូវបានញ៉ាំបាយទេ រវល់តែញ៉ាំផ្លែឈើ ហើយឥឡូវនេះកំពុងតែកូរពោះ ពេលដែលកំពុងសរសេរអត្ថបទនេះ។ បានហើយ ឃ្លានបាយណាស់ ឈប់សរសេរហើយ ជួបគ្នាលើកក្រោយ។ ជូនពរសំណាងល្អគ្រប់គ្នា៕

 

ស្រលាញ់មនុស្សម្នាក់ដែលស្រលាញ់យើងជាយើង

ស្រលាញ់មនុស្សម្នាក់ដែលស្រលាញ់យើងជាយើង

រៀបការជាមួយមនុស្សមា្នក់ដែលស្រលាញ់យើងគឺជាយើង មិនព្យាយាមប្រាប់ឲ្យយើងឲ្យធ្វើអ្វីតាមដែលគេចង់បាន ព្រោះគេបានដឹងថាគ្មានមនុស្សល្អឥត
ខ្ចោះទេនៅលើលោកនេះ។
ស្រលាញ់មនុស្សម្នាក់ដែលតែងលើកទឹកចិត្តយើងនៅពេលយើងធ្វើរឿងត្រឹមត្រូវ នៅពេលអ្នកជោគជ័យ នៅពេលអ្នកមានបំណងធ្វើរឿងល្អ។ ស្រលាញ់មនុស្សម្នាក់ដែលហ៊ាននិយាយប្រាប់ពីកំហុសរបស់យើងដោយមិនខ្លាចយើងខឹង ឬអន់ចិត្ត។
ស្រលាញ់មនុស្សម្នាក់ដែលធ្វើឲ្យយើងញញឹម និងសើចបានទោះបីអ្នកស្ថិតនៅក្នុងស្ថានភាពមួយដ៏ពិបាក ឬកំពុងយំ។
ស្រលាញ់មនុស្សម្នាក់ដែលមិនសួរដេញដោលយើងឲ្យខានតែបាននៅអ្វីដែលគេចង់ដឹង មនុស្សម្នាក់ដែលទុកចិត្តចំពោះយើង ហើយជឿលើយើងដោយមានហេតុផល។ ស្រលាញ់មនុស្សម្នាក់ដែលចេះស្រលាញ់មនុស្សនៅជុំវិញយើង មិនមែនស្រលាញ់តែយើង។
ស្រលាញ់មនុស្សម្នាក់ដែលយល់ពីតម្លៃជីវិត គេអាចផ្ដល់តម្លៃដល់ជីវិតមនុស្សសត្វដោយចិត្តបរិសុទ្ធ។
ស្រលាញ់មនុស្សម្នាក់ដែលមិនខ្វល់ថាយើងធ្លាប់មានអតីតកាលដូចម្តេច មនុស្សម្នាក់ដែលមិនចាកចេញពីយើងទោះបីដឹងថាមនុស្សជាច្រើនមិនគិតថាយើងល្អក៏ដោយ។
ស្រលាញ់មនុស្សម្នាក់ដែលចេះលើកលែងទោស មានចិត្តមេត្តា មានចិត្តសប្បុរស មិនព្យាយាមយកឈ្នះយើង តែគេព្រមចុះចាញ់ដើម្បីស្នាមញញឹមរបស់យើង។
ស្រលាញ់មនុស្សម្នាក់ដែលខ្វល់ពីយើង បារម្ភពីយើង ដឹងថាអ្នកជាមនុស្សបែបណា។
ស្រលាញ់មនុស្សម្នាក់ដែលមិនស្រលាញ់យើងព្រោះតែយើងស្អាត តែព្រោះគេមើលឃើញពីគុណតម្លៃពីខាងក្នុងរបស់យើង។

ជូនពរឲ្យមនុស្សដែលអ្នកស្រលាញ់ជាមនុស្សដែលស្រលាញ់អ្នកវិញ ❤ 🙂 អរគុណដែលចំណាយពេលវេលាអាន ហើយអរគុណចំពោះការចែករំលែករបស់អ្នកគ្រប់គ្នា។

អត្ថបទដោយ៖ កូន ចាបមាស

ទំនុកចិត្តងាយរលាយ ប៉ុន្ដែមិនងាយសាង

ទំនុកចិត្តងាយរលាយ ប៉ុន្ដែមិនងាយសាង

នៅពេលដែលនរណាម្នាក់បាត់បង់ទំនុកចិត្តចំពោះយើង មានន័យថាយើងក៏បានបាត់បង់បង់អ្វីមួយដ៏ធំដែលពិបាកនឹងសាងវាឲ្យបានត្រឡប់មកវិញ នោះគឺភាពជឿជាក់របស់គេចំពោះយើង។ ក៏ដូចគ្នាដែរ នៅពេលយើងបាត់បង់ទំនុកចិត្តលើនរណាម្នាក់ មនុស្សម្នាក់នោះអស់ភាពសំខាន់សម្រាប់យើង ហើយការបាត់បង់ទំនុកចិត្តគឺជាការប្រឈមនឹងការប៉ះពាល់ផ្លូវចិត្ត និងផ្លូវអារម្មណ៍យ៉ាងធ្ងន់ធ្ងរ។ អ្នកដែលត្រូវគេលែងទុកចិត្តក៏រមែងមានការសោកស្ដាយ (ស្ដាយកំហុសដែលខ្លួនធ្វើ) ហើយអ្នកដែលអស់ការជឿជាក់ក៏រមែងមានការសោកស្ដាយ (ស្ដាយពេលវេលា ស្ដាយទឹកចិត្តដែលខំជឿជាក់)។

រាល់លើកពេលដែលយើងធ្វើខុស និងធ្វើឲ្យគេមិនទុកចិត្តចំពោះទង្វើរបស់យើង ពាក្យមួយដែលយើងតែងតែប្រើគឺពាក្យសុំទោស ហើយអ្វីដែលយើងតែងតែចំណាយពេលរៀបរាប់គឺពាក្យសន្យា។ ប៉ុន្ដែរាល់លើក នៅពេលដែលមនុស្សម្នាក់បាត់បង់ទំនុកចិត្តលើរឿងមួយហើយ ពាក្យសុំទោស និងការសន្យា វានឹងលែងសូវសំខាន់ទៀតហើយ។ បើទោះជាគេផ្ដល់ការលើកលែង និងអភ័យទោសចំពោះយើងក៏ដោយ ក៏ប៉ុន្ដែ តើការពិតគេពិតជាផ្ដល់ការជឿជាក់មួយរយភាគរយលើយើងទៀតទេ? វាប្រាកដជាមិនមានទេ ហើយបន្ទាប់ពីការអភ័យទោស អ្វីដែលគេមានចំពោះយើងគឺការសង្ស័យ និងការចាប់កំហុសជាបន្តបន្ទាប់។ រឿងដែលកើតឡើងលើកដំបូងវាជាកំហុស ប៉ុន្តែបើយើងបណ្ដោយឲ្យមានជាលើកទីពីរ នោះមិនមែនជាកំហុសទៀតទេ តែវាគឺជាជម្រើស ពីព្រោះយើងមិនបានរៀនពីកំហុសលើកទីមួយ ទើបបណ្ដោយឲ្យវាកើតឡើងបានជាលើកទីពីរ។

ក្នុងចំណោមមនុស្សទាំងអស់ មានមនុស្សតែពីរនាក់ប៉ុណ្ណោះដែលលើកលែងទោសឲ្យយើងច្រើនបំផុត ហើយតែងតែព្រមជឿយើងរាល់ហេតុផលដែលយើងពន្យល់ប្រាប់ នោះគឺឪពុកម្ដាយរបស់យើង។ មិនថានៅក្នុងកែវភ្នែកអ្នកដទៃ យើងជាមនុស្សបែបណាក៏ដោយ ប៉ុន្ដែនៅក្នុងកែវភ្នែក និងបេះដូងរបស់ឪពុកម្ដាយ យើងរមែងត្រឹមត្រូវជានិច្ច បើទោះជាយើងខុស ហើយគាត់បានដឹងយ៉ាងច្បាស់ក៏ដោយ ក៏នៅតែការពារយើង ផ្ដល់ការលើកលែងចំពោះយើង ផ្ដល់ឱកាសច្រើនដងរហូតដល់រាប់ភ្លេចដល់យើង។ ទោះមានប្រយោគថា អ្នកដែលស្រលាញ់យើងបំផុត នឹងស្អប់យើងបំផុតក៏ដោយ ហើយទោះជារឿងនេះភាគច្រើនគឺត្រឹមត្រូវក៏ពិតមែន ប៉ុន្ដែសម្រាប់ឪពុកម្ដាយ សេចក្ដីស្រលាញ់នៅតែពេញប្រៀបដដែលសម្រាប់យើង។

មនុស្សគ្រប់រូបរមែងគេចមិនផុតអំពីកំហុសឆ្គង ហើយមនុស្សគ្រប់រូបក៏រមែងគេចមិនផុតពីការស្ដីបន្ទោសចំពោះកំហុសឆ្គង ប៉ុន្ដែកំហុសតែងតែបង្រៀនមេរៀនមួយសម្រាប់យើងជានិច្ច នោះគឺការកែប្រែទៅរកភាពល្អប្រសើរជាងមុន។ មនុស្សទាំងអស់គ្មានអ្នកណាមិនធ្លាប់សាងកំហុស ប៉ុន្ដែក្នុងចំណោមមនុស្សដែលបានសាងកំហុស ពុំមានមនុសុ្សច្រើននោះទេដែលទទួលស្គាល់កំហុស ហើយព្រមកែប្រែ។ មិនថាយើងផ្តល់ការទុកចិត្តចំពោះអ្នកដែលធ្វើខុសប៉ុន្មានភាគរយក៏ដោយ ប៉ុន្ដែការអភ័យទោសដល់អ្នកដែលធ្វើខុសហើយចេះកែ ជាការផ្ដល់ក្ដីសុខចំពោះខ្លួនឯង​យ៉ាងច្រើនបំផុត៕

 

អត្ថបទដោយ៖ កូន ចាបមាស